ARENG 3 NIGHTS 4 DAYS - KHMER

ARENG 3 NIGHTS / 4 DAYS 




ថ្ងៃទី១៖ ដំណើរកម្សាន្តរបស់យើងនឹងចាប់ផ្តើមនៅវេលាម៉ោងប្រហែល២ រសៀលត្រង់ចំណុចផ្លូវបំបែកថ្មបាំង(វាលពីរ)ដែលស្ថិតនៅចំងាយប្រហែលជា ៣០គីឡូម៉ែត្រមុនដល់ទីរួមខេត្តកោះកុង។ ក្នុងការធ្វើដំណើរទៅកាន់តំបន់អារ៉ែង ភ្ញៀវទាំងឡាយត្រូវឆ្លងកាត់ទីរួមស្រុកថ្មបាំង (ឃុំឬស្សីជ្រុំ)។ យើងរំពឹងថានៅវេលាម៉ោងប្រហែលជា៣៖៣០នាទីរសៀល យើងនឹងទៅដល់ចំណុច ឆាយតាហ៊ីង  ដែលជាផ្នែកមួយនៃស្ទឹងឆាយអារ៉ែង។ នៅកន្លែងនោះមានអាងហែលទឹកមួយយ៉ាងធំដែលអាចអោយយើងសម្រាកលំហែលកាយ ហែលទឹកលេងកម្សាន្ត និងទស្សនាសម្រស់ទេសភាពដ៏ស្រស់ស្អាតដែលនៅជុំវិញ។ អាហារពេលល្ងាចនឹងត្រូវរៀបចំរួចជាស្រេចនៅជុំវិញភ្នក់ភ្លើងសម្រាប់យើងទាំងអស់គ្នា។ នៅពេលយប់ យើងនឹងរៀបចំកន្លែងសម្រាក់នៅទីនោះតែម្តងដោយអាចប្រើជាអង្រឹង ឬក៏តង់។ បញ្ជាក់៖ កន្លែងនោះជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើននៅក្នុងតំបន់អារ៉ែងដែលនៅមានវត្តមានប្រភេទសត្វកម្ររត្រីនាគ ដែលជាប្រភេទសត្វដែលសត្វដែលស្ទើរតែបាត់វត្តមាននៅក្នុងពិភពលោក។

Rapids at Chhay Ta Hing

ថ្ងៃទី២៖ នៅព្រឹកថ្ងៃបន្ទាប់ ប្រសិនបើមានសំណាងយើងនឹងអាចមើលឃើញសត្វមួយចំនួនដែលមានដូចជា សត្វទោច ឬក៏សត្វកងកែងហើយកាត់ទីនោះផងដែរ។ បន្ទាប់ពីរៀបចំសំភារៈរួច យើងនឹងនាំគ្នាធ្វើដំណើរទៅភូមិអារ៉េងដែលនៅជិតនោះ ដើម្បីស្រស់ស្រូបអាហារពេលព្រឹកនៅតាមផ្ទះរបស់ប្រជាជន ដែលរៀបចំរួចជាស្រេចសម្រាប់ពួកយើង។ បន្ទាប់មកទៀត ម៉ូតូឌុបសហគមន៍យើងនឹងមកទទួលបន្តទៅកាន់ភូមិជំនាប់ ដោយឆ្លងកាត់វាស្រែ និងព្រៃឈើដែលមានទេសភាពខៀវស្រងាត់ ជាមួយនឹងជួរភ្នំដែលមានទេសភាពដ៏ស្រស់ស្អាតដែលនៅព័ទ្ធជុំវិញ។ បញ្ជាក់៖ ជំនាប់គឺឃុំស្នូលដែលប្រជាជននៅក្នុងតំបន់នេះជាប្រជាជនដែលបានតស៊ូការពារទឹកដីកំណើតពីសំណាក់គម្រោងសាងទំនប់វារីអគ្គីសនីរបស់ក្រុមហ៊ុនចិន។ បន្ទាប់ពីសម្រាក់នៅជំនាប់ យើងនឹងត្រៀមខ្លួនក្នុងការដើរថ្មើរជើងទៅកាន់ចំណុចកំពូលភ្នំមួយដែលមានឈ្មោះថា ម្រេចកង្កែប ដែលជាកន្លែងមួយដែលអាចអោយយើងមើលឃើញនូវទេសភាពទាំងមូលរបស់ជ្រលងអារ៉ែង។ ជម្រើស២សម្រាប់ភ្ញៀវទាំងអស់ក្នុងការជ្រើសរើសនោះគឺ យើងអាចត្រលប់មកសម្រាកនៅក្នុងភូមិវិញក៏បាន ឬក៏រៀបចំសម្រាកនៅលើកំពូលភ្នំនោះក៏បាន ប៉ុន្តែភាគច្រើននៃភ្ញៀវដែលទៅកម្សាន្តនៅក្នុងតំបន់នោះសម្រេចចិត្តសម្រាកនៅទីនោះតែម្តង ព្រោះដោយសារតែទេសភាពពេលព្រឹកព្រលឹមនៅទីនោះគឺវាពិតជាស្រស់ស្អាតខ្លាំងមែនទែន គឺដូចទៅនឹងរូបភាពដែលមាននៅក្នុងរូប។ 

View of the valley from the Pepper-Frog mountain


ថ្ងៃទី៣៖ នៅព្រឹកថ្ងៃទី៣ បន្ទាប់ពីស្រស់ស្រូបអាហារសម្រន់បន្តិចបន្តួច យើងនឹងនាំគ្នាធ្វើដំណើរត្រលប់មកហូបអាហារពេលព្រឹកនៅភូមិវិញ នឹងបន្ទាប់ពីសម្រាក់បន្តិច យើងនឹងបន្តដំណើរទៅកាន់ស្ទឹងអារ៉ែង ដែលជាកន្លែងដែលនៅមានប្រភេទសត្វកម្ររដែលស្ទើរតែបាត់វត្តមាននៅក្នុងពិភពលោកនោះគឺសត្វក្រពើភ្នំ។ ចំពោះប្រជាជន ជនជាតិដើមភាគតិចជងនៅក្នុងតំបន់ គឺពួកគាត់មានជំនឿ និងគោរពចំពោះសត្វទាំងនោះខ្លាំងណាស់។ យើងនឹងជិះទូកលេងកម្សាន្តនៅក្នុងស្ទឹងនោះ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃព្រៃឈើដែលដុះនៅតាមមាត់ស្ទឹង សម្លេងសត្វបក្សី និងនៅពេលល្ងាចយើងក៏អាចទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃថ្ងៃលិចនៅទីនោះផងដែរ។ ជារើយៗយើងតែងតែជួបជាមួយនឹងសត្វព្រៃមួយចំនួនដែលតែងតែនាំគ្នាមកផឹកទឹក នឹងដេកនៅតាមមាត់ស្ទឹងដែលមានដូចជា ស្វា បក្សី ភេរ ឬសត្វផ្សេងៗទៀត។ នៅពេលយប់យើងនឹងរៀបចំបោះតង់ រឺចងអង្រឹងនៅលើឆ្នេរខ្សាច់នៅតាមមាត់ស្ទឹង ជាមួយនឹងសម្លេងព្រៃឈើធម្មជាតិដ៏សែនពិរោះ ជាមួយនឹងការដុតភ្លើងកំដៅផងដែរ។

បញ្ជាក់៖ នៅក្នុងរដូវវស្សា មានថ្ងៃខ្លះ នៅក្នុងស្ទឹងអាចនឹងមានទឹកហូលខ្លាំងជ្រុលដែលមិនអាចអោយយើងជិះទូកនៅក្នុងស្ទឹងបាននោះទេ ដូច្នេះហើយសូមមេត្តាសាកសួរពត៌មានមកកាន់ពួកយើងជាមុនប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមដំណើរកម្សាន្តនៅក្នុងតំបន់អារ៉ែងនៅក្នុងរដូវវស្សា។


ថ្ងៃទី៤៖ បន្ទាប់ពីបានស្រស់ស្រូបអាហារពេលព្រឹកនៅមាត់ស្ទឹងរួចហើយ យើងនឹងធ្វើដំណើរទៅកាន់ភូមិជំនាប់វិញ ដើម្បីរៀបចំឥវ៉ាន ដើម្បីជិះម៉ូតូត្រលប់មកវិញ។ នៅតាមផ្លូវត្រលប់មកវិញ យើងក៏អាចឆ្លៀតពេលដើម្បីចូលមើលនៅចំណុចទឹកធ្លាក់ឆាយអារ៉ែង ដែលកន្លែងនោះក៏នឹងត្រូវបំផ្លាញ់ដូចគ្នាប្រសិនជាមានការសាងសង់ទំនប់វារីអគ្គីសនីនៅតំបន់អារ៉ែងពិតមែន។ យើងរំពឹងថានឹងត្រលប់មកដល់ចំនុចផ្លូវបំបែកថ្មបាំងវិញ នៅវេលាម៉ោងប្រហែលជា ១២៖០០ថ្ងៃត្រង់ ដែលភ្ញៀវនៅមានពេលច្រើនក្នុងការធ្វើដំណើរទៅកាន់ក្រុងភ្នំពេញ ខេត្តព្រះសីហនុ ទីរួមខេត្តកោះកុង ឬក៏អាចត្រលប់ទៅកាន់ប្រទេសថៃវិញក៏បានដែល។

ដើម្បីសាកសួរពត៌មាន ឬក៏ចូលរួមជាមួយនឹងដំណើរកម្សាន្តរបស់ពួកយើង សូមធ្វើការផ្ញើរសារមកកាន់ wildkkproject@gmail.com


បញ្ជាក់៖ យើងក៏អាចរៀបចំដំណើរកម្សាន្តទៅកាន់ ទឹកធ្លាក់ឆាយយោងដ៏ស្រស់ស្អាត និងរូងភ្នំដែលប្រជាជនជំនាន់ដើមធ្វើការដំកល់ឆ្អឹងមនុស្សដែលបានស្លាប់។ ដំណើរកម្សាន្តរបស់យើងបូករួមបញ្ចូលជាមួយនឹងការដើរថ្មើរជើងនៅក្នុងព្រៃរយះពេល៣ថ្ងៃ នៅក្នុងព្រៃ ហើយចំនួនភ្ញៀវតិចបំផុតដែលយើងអាចរៀបចំបាននោះគឺ៣នាក់។


+++++

Email: wildkkproject@gmail.com / Whatsapp: +85589722339*

(if you fail to get an answer after a few hours, chances are that our main coordinators are in the jungles, out of signal.  If that is the case, we will get back to you in once we are back to civilization ;).